ព្រះត្រៃបិដក ភាគ ៨១

នេះ​ហៅថា ភាព​នៃ​បុគ្គល​មាន​ទ្វារ​មិន​គ្រប់គ្រង​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ។ បណ្តា​ធម៌​ទាំងនោះ ភាព​នៃ​បុគ្គល​អ្នកមាន​ទ្វារ​គ្រប់គ្រង​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ តើ​ដូចម្តេច។ ភិក្ខុ​ខ្លះ ក្នុង​សាសនា​នេះ ឃើញ​រូប​ដោយ​ភ្នែក​ហើយ ជា​អ្នក​មិន​កាន់​យក​នូវ​និមិត្ត មិន​កាន់​យក​នូវ​អនុព្យញ្ជនៈ អកុសលធម៌​ទាំងឡាយ​ដ៏​លាមក គឺ​អភិជ្ឈា និង​ទោមនស្ស គប្បី​ជាប់​តាម​នូវ​បុគ្គល​ជា​អ្នក​មិន​សង្រួម​ចក្ខុន្រ្ទិយ​នុ៎ះ ព្រោះ​ហេតុ​មិន​សង្រួម​ចក្ខុន្រ្ទិយ​ណា ក៏​ប្រតិបត្តិ​ដើម្បី​សង្រួម​ចក្ខុន្រ្ទិយ​នោះ រក្សា​ចក្ខុន្រ្ទិយ ដល់​នូវ​ការ​សង្រួម​ក្នុង​ចក្ខុន្រ្ទិយ ឮសំឡេង​ដោយ​ត្រចៀក។បេ។ ធុំក្លិន​ដោយ​ច្រមុះ។បេ។ លិទ្ធ​ភ្លក្ស​រស​ដោយ​អណ្តាត។បេ។ ពាល់ត្រូវ​ផ្សព្វ​ដោយ​កាយ។បេ។ ដឹង​ច្បាស់​នូវ​ធម៌​ដោយចិត្ត​ហើយ ជា​អ្នក​មិន​កាន់​យក​នូវ​និមិត្ត មិន​កាន់​យក​នូវ​អនុព្យញ្ជនៈ អកុសលធម៌​ទាំងឡាយ​ដ៏​លាមក គឺ​អភិជ្ឈា និង​ទោមនស្ស គប្បី​ជាប់​តាម​នូវ​បុគ្គល​ជា​អ្នក​មិន​សង្រួម​មនិន្រ្ទិយ​នុ៎ះ ព្រោះ​ហេតុ​មិន សង្រួម​មនិន្រ្ទិយ​ណា ក៏​ប្រតិបត្តិ​ដើម្បី​សង្រួម​មនិន្រ្ទិយ​នោះ រក្សា​មនិន្រ្ទិយ ដល់​នូវ​ការ​សង្រួម​ក្នុង​មនិន្រ្ទិយ ការថែទាំ គ្រប់គ្រង រក្សា សង្រួម​នូវ​ឥន្រ្ទិយ​ទាំង ៦ នេះ​ណា នេះ​ហៅថា ភាព​នៃ​បុគ្គល​អ្នកមាន​ទ្វារ​គ្រប់គ្រង​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ។ ភិក្ខុ​ជា​អ្នក​ព្រមព្រៀង។បេ។
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 637647453454954903
ទៅកាន់ទំព័រ៖