ព្រះត្រៃបិដក ភាគ ៨១
ធ្វើសេចក្តីដឹងខ្លួន ក្នុងការបរិភោគភោជន ការផឹកទឹក ការទំពារស៊ីខាទនីយៈ និងការជញ្ជប់ (ភេសជ្ជៈ) ធ្វើសេចក្តីដឹងខ្លួន ក្នុងការបន្ទោបង់ឧច្ចារៈ បស្សាវៈ ធ្វើសេចក្តីដឹងខ្លួន ក្នុងការដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ ឬការស្ងៀម តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ឈានដើរទៅមុខ មានស្មារតីដឹងខ្លួន ឈានថយក្រោយ មានស្មារតីដឹងខ្លួន ក្រឡេកមើលទៅមុខ មានស្មារតីដឹងខ្លួន ក្រឡេកមើលទៅទិសផ្សេងៗ មានស្មារតីដឹងខ្លួន បត់ដៃជើងមានស្មារតីដឹងខ្លួន លាតដៃជើងមានស្មារតីដឹងខ្លួន ជាអ្នកមានស្មារតីធ្វើសេចក្តីដឹងខ្លួន ក្នុងការទ្រទ្រង់សង្ឃាដី បាត្រ និងចីវរ ជាអ្នកមានស្មារតី ធ្វើសេចក្តីដឹងខ្លួន ក្នុងការបរិភោគ ការផឹក ការទំពារស៊ី ការជញ្ជាប់ ជាអ្នកមានស្មារតី ធ្វើសេចក្តីដឹងខ្លួន ក្នុងការបន្ទោបង់ឧច្ចារៈ បស្សាវៈ ជាអ្នកមានស្មារតី ធ្វើសេចក្តីដឹងខ្លួន ក្នុងការដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ និងការស្ងៀម។ ពាក្យថា មានស្មារតី សេចក្តីថា បណ្តាធម៌ទាំងនោះ ស្មារតី តើដូចម្តេច។ ការរលឹក ការនឹកឃើញ ការរលឹកចំពោះសតិ សេចក្តីរលឹក សេចក្តីចាំបាន សេចក្តីមិនភ្លេច សេចក្តីមិនវង្វេង គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិណា នេះហៅថា ស្មារតី។
ID: 637647454531985836
ទៅកាន់ទំព័រ៖