ព្រះត្រៃបិដក ភាគ ៨១

ពាក្យ​ថា អ្នកដឹងខ្លួន មាន​សេចក្តី​ថា បណ្តា​ធម៌​ទាំងនោះ ការ​ដឹងខ្លួន តើ​ដូចម្តេច បញ្ញា ការ​ដឹង​ច្បាស់ ការ​រំពឹង ការពិនិត្យ ការពិចារណា​ធម៌ ការកំណត់ ការ​កត់សំគាល់ ការកំណត់​ចំពោះ ភាពជា​បណ្ឌិត ការ​ឈ្លាសវៃ គំនិត​ដ៏​ល្អិត គំនិត​ទូលាយ ការពិចារណា ឃើញច្បាស់ បញ្ញា​ដូចជា​ផែនដី បញ្ញា​ធ្លុះធ្លាយ បញ្ញា​ឱន​ទៅ បញ្ញា​ឃើញ​វិសេស សេចក្តី​ដឹងខ្លួន សភាព​ដូចជា​ជន្លួញ គឺ​បញ្ញា បញ្ញិ​ន្ទ្រិយ បញ្ញា​ពលៈ កាំបិត គឺ​បញ្ញា ប្រាសាទ​គឺ​បញ្ញា ពន្លឺ​គឺ​បញ្ញា រស្មី​គឺ​បញ្ញា គ្រឿង​បំភ្លឺ​គឺ​បញ្ញា កែវ​គឺ​បញ្ញា ការ​មិន​វង្វេង ការពិចារណា​ធម៌ សេចក្តី​ឃើញត្រូវ​ណា នេះ​ហៅថា សេចក្តី​ដឹងខ្លួន។ ភិក្ខុ​ជា​អ្នក​ព្រមព្រៀង។បេ។ ប្រកប​ព្រម​ហើយដោយ​សតិ​នេះ​ផង ដោយ​សម្បជញ្ញៈ​នេះ​ផង ដោយ​ប្រការ​ដូច្នេះ។ ភិក្ខុ​ឈាន​ដើរទៅ​មុខ មានស្មារតី​ដឹងខ្លួន ឈាន​ថយក្រោយ មានស្មារតី​ដឹងខ្លួន ក្រឡេក​មើលទៅ​មុខ មានស្មារតី​ដឹងខ្លួន ក្រឡេក​មើលទៅ​ទិស​ផ្សេងៗ មាន​សេចក្តី​ដឹងខ្លួន បត់​ដៃជើង មានស្មារតី​ដឹងខ្លួន លាតដៃ​ជើង មានស្មារតី​ដឹងខ្លួន មានស្មារតី​ធ្វើ​សេចក្តី​ដឹងខ្លួន​ក្នុង​ការ​ទ្រទ្រង់​សង្ឃាដី បាត្រ និង​ចីវរ
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 637647454736673439
ទៅកាន់ទំព័រ៖