ព្រះត្រៃបិដក ភាគ ៨១
មានស្មារតី ធ្វើសេចក្តីដឹងខ្លួនក្នុងការបរិភោគ ការផឹក ការទំពារស៊ី ខាទនីយៈ និងការជញ្ជាប់ មានស្មារតីធ្វើសេចក្តីដឹងខ្លួន ក្នុងការបន្ទោបង់ឧច្ចារៈបស្សាវៈ មានស្មារតី ធ្វើសេចក្តីដឹងខ្លួន ក្នុងការដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ ឬការស្ងៀម។
[៣៥៩] ត្រង់ពាក្យថា ស្ងាត់ សេចក្តីថា បើសេនាសនៈនៅក្នុងទីជិត តែសេនាសនៈនោះ មិនច្រឡូកច្រឡំដោយពួកគ្រហស្ថ និងពួកបព្វជិត ព្រោះហេតុនោះ ទីនោះឈ្មោះថាស្ងាត់។ បើសេនាសនៈនៅក្នុងទីឆ្ងាយ តែសេនាសនៈនោះ មិនច្រឡូកច្រឡំដោយពួកគ្រហស្ថ និងពួកបព្វជិត ព្រោះហេតុនោះ ទីនោះឈ្មោះថា ស្ងាត់។
[៣៦០] ត្រង់ពាក្យថា សេនាសនៈ គឺ គ្រែ ឈ្មោះថា សេនាសនៈ តាំងឈ្មោះថា សេនាសនៈ ពូកឈ្មោះថាសេនាសនៈ ខ្នើយឈ្មោះថាសេនាសនៈ វិហារឈ្មោះថា សេនាសនៈ អឌ្ឍយោគឈ្មោះថាសេនាសនៈ ប្រាសាទ ឈ្មោះថា សេនាសនៈ ប៉ម ឈ្មោះថា សេនាសនៈ រោង ឈ្មោះថា សេនាសនៈ ទីពួន ឈ្មោះថា សេនាសនៈ គុហា ឈ្មោះថា សេនាសនៈ គល់ឈើឈ្មោះថាសេនាសនៈ គុម្ពឫស្សី ក៏ឈ្មោះថាសេនាសនៈ ពុំនោះសោត ពួកភិក្ខុដែលចូលទៅក្នុងទីណា ទីទាំងអស់នុ៎ះ ក៏ឈ្មោះថា សេនាសនៈដែរ។
ID: 637647455006673450
ទៅកាន់ទំព័រ៖