ព្រះត្រៃបិដក ភាគ ៨១
[៣៦៥] ត្រង់ពាក្យថា ទីមិនមានសំឡេង គឺថា បើសេនាសនៈ នៅក្នុងទីជិត តែសេនាសនៈនោះ មិនច្រឡូកច្រឡំដោយពួកគ្រហស្ថ និងពួកបព្វជិត ព្រោះហេតុនោះ ទីនោះ ឈ្មោះថា ទីមិនមានសំឡេង។ បើសេនាសនៈ នៅក្នុងទីធ្ងាយ តែសេនាសនៈនោះ មិនច្រឡូកច្រឡំ ដោយពួកគ្រហស្ថ និងពួកបព្វជិត ព្រោះហេតុនោះ ទីនោះឈ្មោះថា ទីមិនមានសំឡេង។
[៣៦៦] ត្រង់ពាក្យថា ទីមិនគឹកកង គឺទីណា មិនមានសំឡេង ទីនោះឈ្មោះថា ទីមិនគឹកកង ទីណាមិនគឹកកង ទីនោះឈ្មោះថា ទីប្រាសចាកខ្យល់ដែលកើតអំពីសរីរៈនៃ ជន ទីណាដែលប្រាសចាកខ្យល់ កើតអំពីសរីរៈនៃជន ទីនោះឈ្មោះថា ទីស្ងាត់កំបាំង របស់មនុស្ស ទីណាដែលស្ងាត់កំបាំងរបស់មនុស្ស ទីនោះឈ្មោះថាទីសមគួរដល់ការ ពួនសម្ងំ។
[៣៦៧] ត្រង់ពាក្យថា ទៅកាន់ព្រៃក្តី ទៅកាន់ម្លប់ឈើក្តីទៅកាន់ផ្ទះស្ងាត់ក្តី គឺ ភិក្ខុជាអ្នកនៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី។
[៣៦៨] ត្រង់ពាក្យថា អង្គុយផ្គត់ភ្នែន គឺភិក្ខុជាអ្នកអង្គុយផ្គត់ភ្នែន។
[៣៦៩] ត្រង់ពាក្យថា តាំងកាយឲ្យត្រង់ គឺភិក្ខុជាអ្នកមានកាយត្រង់ ឋិតនោះ តម្កល់នៅមាំមួន។
ID: 637647455615110963
ទៅកាន់ទំព័រ៖