ព្រះត្រៃបិដក ភាគ ៨១
[៣៧២] ត្រង់ពាក្យថា មានចិត្តប្រាសចាកអភិជ្ឈា មានសេចក្តីថា បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថាចិត្ត ចិត្តនេះ ជាធម្មជាតិមានអភិជ្ឈាទៅប្រាសហើយ ព្រោះហេតុនោះ ទើបពោលថា មានចិត្តប្រាសចាកអភិជ្ឈា។
[៣៧៣] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺ សម្រេច ប្រព្រឹត្ត រក្សា រស់នៅ ញុំាង អត្តភាពឲ្យប្រព្រឹត្តទៅ ត្រាច់ទៅ នៅ ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។
[៣៧៤] ត្រង់ពាក្យថា ជម្រះចិត្តឲ្យស្អាតចាកអភិជ្ឈា មានសេចក្តីថា បណ្តាធម៌ ទាំងនោះ អភិជ្ឈា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងណានៃចិត្ត នេះហៅថា អភិជ្ឈា។ បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត។ ភិក្ខុញុំាងចិត្តនេះឲ្យស្អាត ឲ្យបរិសុទ្ធ ឲ្យផូរផង់ ឲ្យរួច ឲ្យរួចស្រឡះ ឲ្យរបូតចេញ ចាកអភិជ្ឈានេះ ព្រោះហេតុនោះ ទើបពោលថា ជម្រះចិត្ត ឲ្យស្អាតចាកអភិជ្ឈា។
ID: 637647456169486040
ទៅកាន់ទំព័រ៖