ព្រះត្រៃបិដក ភាគ ៨១

 [៣៧៥] ត្រង់​ពាក្យ​ថា លះបង់​ព្យាបាទ និង​សេចក្តី​ប្រទូស្ត អធិប្បាយ​ថា ព្យាបាទ​ក៏​មាន សេចក្តី​ប្រទូស្ត​ក៏​មាន។ បណ្តា​ធម៌​ទាំងនោះ ព្យាបាទ តើ​ដូចម្តេច។ សេចក្តី​គុំគួន ចងគំនុំ ថ្នាំងថ្នាក់ អាក់អន់ កម្រើក ញាប់ញ័រ កម្រើក​ខ្លាំង ខឹង ខឹង​ខ្លាំង ខឹង​ខ្លាំងក្រៃ​ពេក​នៃ​ចិត្ត ចង្អៀតចិត្ត ប្រទូស្ត​ក្នុងចិត្ត ក្រោធ អាការ​ក្រោធ ភាព​ក្រោធ ខឹង អាការ​ខឹង ភាព​ខឹង ចង្អៀតចិត្ត អាការ​ចង្អៀតចិត្ត ភាព​ចង្អៀតចិត្ត ស្រពន់ចិត្ត អាក់អន់​ចិត្ត ភាព​នៃ​ចិត្ត​កាច សេចក្តី​ខឹង ភាព​នៃ​ចិត្ត​មិន​ត្រេកអរ​ណា នេះ​ហៅថា ព្យាបាទ។ បណ្តា​ធម៌​ទាំងនោះ សេចក្តី​ប្រទូស្ត តើ​ដូចម្តេច។ សេចក្តី​ព្យាបាទ គឺ សេចក្តី​ប្រទូស្ត សេចក្តី​ប្រទូស្ត​គឺ​សេចក្តី​ព្យាបាទ។ ព្យាបាទ​នេះ​ផង សេចក្តី​ប្រទូស្ត​នេះ​ផង ជា​ធម៌​ស្ងប់​រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីន​ហោច រីងស្ងួត ធ្វើឲ្យ​អស់​ទៅ ព្រោះហេតុនោះ ទើប​ពោល​ថា លះ​ព្យាបាទ និង​សេចក្តី​ប្រទូស្ត។
 [៣៧៦] ត្រង់​ពាក្យ​ថា មានចិត្ត​មិន​ព្យាបាទ សេចក្តី​ថា បណ្តា​ធម៌​ទាំងនោះ ចិត្ត តើ​ដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ ដែល​កើតអំពី​វិញ្ញាណ​នោះ​ណា នេះ​ហៅថា ចិត្ត ចិត្ត​នេះ ជា​ធម្មជាតិ​មិន​គុំគួន ព្រោះហេតុនោះ ទើប​ពោល​ថា មានចិត្ត​មិន​ព្យាបាទ។
ថយ | ទំព័រទី ២៦៦ | បន្ទាប់
ID: 637647456434643486
ទៅកាន់ទំព័រ៖