ព្រះត្រៃបិដក ភាគ ៨១
[៣៧៧] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច។បេ។ នៅ ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។
[៣៧៨] ត្រង់ពាក្យថា ជម្រះចិត្តឲ្យស្អាត ចាកព្យាបាទ និងសេចក្តីប្រទូស្ត អធិប្បាយថា ព្យាបាទក៏មាន សេចក្តីប្រទូស្តក៏មាន។ បណ្តាធម៌ទាំងនោះ ព្យាបាទ តើដូចម្តេច។ សេចក្តីគុំគួន ចងគំនុំ ថ្នាំងថ្នាក់ អាក់អន់ កម្រើក ញាប់ញ័រ កម្រើកខ្លាំង ខឹង ខឹងខ្លាំង ខឹងខ្លាំងក្រៃពេកនៃចិត្ត ចង្អៀតចិត្ត ប្រទូស្តក្នុងចិត្ត ក្រោធ អាការក្រោធ ភាពក្រោធ ខឹង អាការខឹង ភាពខឹង ចង្អៀតចិត្ត អាការចង្អៀតចិត្ត ភាពចង្អៀតចិត្ត ស្រពន់ចិត្ត អាក់អន់ចិត្ត ភាពនៃចិត្តកាច សេចក្តីខឹង ភាពនៃចិត្តមិនត្រេកអរណា នេះហៅថា ព្យាបាទ។ បណ្តាធម៌ទាំងនោះ សេចក្តីប្រទូស្ត តើដូចម្តេច។ សេចក្តីព្យាបាទ គឺសេចក្តីប្រទូស្ត សេចក្តីប្រទូស្តគឺសេចក្តីព្យាបាទ។ បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត។ ភិក្ខុញុំាំងចិត្តនេះឲ្យស្អាត ឲ្យបរិសុទ្ធ ឲ្យផូរផង់ ឲ្យរួច ឲ្យរួចស្រឡះ ឲ្យរបូតចេញ ចាកព្យាបាទ និងសេចក្តីប្រទូស្ត ព្រោះហេតុនោះ ទើបពោលថា ជម្រះចិត្តឲ្យស្អាតចាកព្យាបាទ និងសេចក្តីប្រទូស្ត។
ID: 637647456683704650
ទៅកាន់ទំព័រ៖