ព្រះត្រៃបិដក ភាគ ៨១

 [៣៨១] ត្រង់​ពាក្យ​ថា មាន​សេចក្តី​សំគាល់​ជា​ពន្លឺ សេចក្តី​ថា បណ្តា​ពាក្យ​ទាំងនោះ សេចក្តី​សំគាល់ តើ​ដូចម្តេច។ សញ្ញា អាការ​សំគាល់ ភាព​នៃ​ការ​សំគាល់​ណា នេះ​ហៅថា សេចក្តី​សំគាល់ សញ្ញា​នេះ ជា​ពន្លឺ ដែល​របើក​ហើយ បរិសុទ្ធ ផូរផង់ ព្រោះហេតុនោះ ទើប​ពោល​ថា មាន​សេចក្តី​សំគាល់​ជា​ពន្លឺ។
 [២៨២] ត្រង់​ពាក្យ​ថា ជា​អ្នកមាន​សតិ និង​សម្បជញ្ញៈ សេចក្តី​ថា បណ្តា​ធម៌​ទាំងនោះ សតិ តើ​ដូចម្តេច។ ការ​រលឹក ការ​នឹកឃើញ។បេ។ ការ​រលឹក​ត្រូវ​ណា នេះ​ហៅថា សតិ។ បណ្តា​ធម៌​ទាំងនោះ សម្បជញ្ញៈ តើ​ដូចម្តេច។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការសង្កេត​នូវ​ធម៌ ការយល់​ត្រូវ​ណា នេះ​ហៅថា សម្បជញ្ញៈ។ ភិក្ខុ​ជា​អ្នក​ព្រមព្រៀង។បេ។ ប្រកប​ព្រមដោយ​សតិ​នេះ​ផង ដោយ​សម្បជញ្ញៈ​នេះ​ផង ព្រោះ​ហេតុ នោះ ទើប​ពោល​ថា អ្នកមាន​សតិ និង​សម្បជញ្ញៈ។
 [៣៨៣] ត្រង់​ពាក្យ​ថា ជម្រះចិត្ត​ឲ្យ​ស្អាត ចាក​ថី​នៈ និង​មិទ្ធៈ សេចក្តី​ថា ថី​នៈ​ក៏​មាន មិទ្ធៈ​ក៏​មាន។ បណ្តា​ធម៌​ទាំងនោះ ថី​នៈ តើ​ដូចម្តេច។ ភាព​នៃ​ចិត្ត​មិន​ស្រួល។បេ។ ភាព​នៃ​ចិត្ត​រួញ​ថយ ណា នេះ​ហៅថា ថី​នៈ។ បណ្តា​ធម៌​ទាំងនោះ មិទ្ធៈ តើ​ដូចម្តេច។ ភាព​នៃ​កាយ​មិន​ស្រួល។បេ។ ភាព​នៃ​ការ​លក់ ណា នេះ​ហៅថា មិទ្ធៈ។
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 637648162191638236
ទៅកាន់ទំព័រ៖