ព្រះត្រៃបិដក ភាគ ៨១
សេចក្តីសាំញុំានៃចិត្តណា នេះហៅថា កុក្កុច្ចៈ។ បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត។ ភិក្ខុញុំាងចិត្តនេះ ឲ្យស្អាត ឲ្យបរិសុទ្ធ ឲ្យផូរផង់ ឲ្យរួច ឲ្យរួចស្រឡះ ឲ្យរបូតចេញ ចាកឧទ្ធច្ចៈ និងកុក្កុច្ចៈ នេះ ព្រោះហេតុនោះ ទើបពោលថា ជម្រះចិត្តឲ្យស្អាត ចាកឧទ្ធច្ចៈ និងកុក្កុច្ចៈ។
[៣៨៩] ត្រង់ពាក្យថា លះបង់វិចិកិច្ឆា សេចក្តីថា បណ្តាធម៌ទាំងនោះ វិចិកិច្ឆា តើដូចម្តេច។ ការងឿងឆ្ងល់ អាការងឿងឆ្ងល់ ភាពងឿងឆ្ងល់ ការប្រាសចាកគំនិត ការសន្ទិះសង្ស័យ ការកន្ធែកចិត្ត ការបែកផ្លូវពីរ ការសង្ស័យ ការកាន់យកចំណែកច្រើន យ៉ាង ការអង្គឺអង្គែ ការអល់អែក ការមិនកាន់យកជាកំណត់ ភាពនៃចិត្តរឹងត្អឹង ការរសេមរសាមនៃចិត្តណា នេះហៅថា វិចិកិច្ឆា។ វិចិកិច្ឆានេះ ជាធម្មជាតស្ងប់រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីនហោច រីងស្ងួត ធ្វើឲ្យអស់ទៅ ព្រោះហេតុនោះ ទើបពោលថា លះបង់វិចិកិច្ឆា។
[៣៩០] ត្រង់ពាក្យថា ជាអ្នកឆ្លងផុតចាកវិចិកិច្ឆា គឺភិក្ខុជាអ្នកឆ្លង ឆ្លងឡើង ឆ្លង កាត់ នូវវិចិកិច្ឆានេះ ហើយទៅកាន់ត្រើយ ដល់ត្រើយ ព្រោះហេតុនោះ ទើបពោលថា ជាអ្នកឆ្លងផុតចាកវិចិកិច្ឆា។
ID: 637648163112716370
ទៅកាន់ទំព័រ៖