ព្រះត្រៃបិដក ភាគ ៨១
[៣៩១] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច។បេ។ នៅ ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។
[៣៩២] ត្រង់ពាក្យថា អ្នកមិនមានសេចក្តីងឿងឆ្ងល់ ក្នុងពួកធម៌ជាកុសល គឺភិក្ខុមិនងឿងឆ្ងល់ មិនសន្ទិះ ក្នុងពួកធម៌ជាកុសល ដោយវិចិកិច្ឆានេះ គឺជាអ្នកមិនសង្ស័យ ឥតមានសេចក្តីងឿងឆ្ងល់ ប្រាសចាកសេចក្តីសង្ស័យ ព្រោះហេតុហោះ ទើបពោលថា អ្នកមិនមានសេចក្តីងឿងឆ្ងល់ ក្នុងពួកធម៌ជាកុសល។
[៣៩៣] ត្រង់ពាក្យថា ជម្រះចិត្តឲ្យស្អាត ចាកវិចិកិច្ឆា។ សេចក្តីថា បណ្តាធម៌ទាំងនោះ វិចិកិច្ឆា តើដូចម្តេច។ ការងឿងឆ្ងល់ អាការងឿងឆ្ងល់ ភាពនៃសេចក្តីងឿងឆ្ងល់។បេ។ ភាពនៃចិត្តរឹងត្អឹង ការរសេមរសាមនៃចិត្តណា នេះហៅថា វិចិកិច្ឆា។ បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត។ ភិក្ខុញុំាងចិត្តនេះឲ្យស្អាត ឲ្យបរិសុទ្ធ ឲ្យផូរផង់ ឲ្យរួច ឲ្យស្រឡះ ឲ្យរបូតចេញ ចាកវិចិកិច្ឆានេះ ព្រោះហេតុនោះ ទើបពោលថា ជម្រះចិត្តឲ្យស្អាតចាកវិចិកិច្ឆា។
ID: 637648163415060036
ទៅកាន់ទំព័រ៖