ព្រះត្រៃបិដក ភាគ ៨១
[៣៩៤] ត្រង់ពាក្យថា លះបង់នីវរណៈទាំង ៥ នេះ សេចក្តីថា នីវរណៈទាំង ៥ នេះ ជាធម៌ស្ងប់រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីនហោច រីងស្ងួត ធ្វើឲ្យអស់ទៅ ព្រោះហេតុនោះ ទើបពោលថា លះបង់នីវរណៈទាំង ៥ នេះ។
[៣៩៥] ត្រង់ពាក្យថា ជាគ្រឿងសៅហ្មងនៃចិត្ត គឺ នីវរណៈទាំង ៥ នេះ ជាគ្រឿងសៅហ្មងនៃចិត្ត។
[៣៩៦] ត្រង់ពាក្យថា ជាគ្រឿងធ្វើបញ្ញាឲ្យមានកម្លាំងថយ គឺបញ្ញាដែលមិនទាន់កើត ក៏មិនកើតឡើងផង បញ្ញាដែលកើតឡើងហើយ ក៏រលត់ទៅវិញផង ព្រោះនីវរណៈ ទាំង ៥ នេះ ព្រោះហេតុនោះ ទើបពោលថា ជាគ្រឿងធ្វើបញ្ញាឲ្យមានកម្លាំងថយ។
[៣៩៧] ត្រង់ពាក្យថា ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ សេចក្តីថា បណ្តាធម៌ទាំងនោះ កាមទាំងឡាយ តើដូចម្តេច។ ឆន្ទៈ ឈ្មោះថាកាម រាគៈ ឈ្មោះថាកាម ឆន្ទរាគៈ ឈ្មោះថាកាម ការត្រិះរិះ ឈ្មោះថាកាម រាគៈ ឈ្មោះថាកាម ការត្រិះរិះ និងរាគៈ ឈ្មោះថាកាម កិលេសទាំងនេះ ហៅថា កាម។ បណ្តាធម៌ទាំងនោះ ពួកធម៌ជាអកុសល តើដូចម្តេច។ កាមច្ឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆា ពួកកិលេសទាំងនេះ ហៅថា អកុសលធម៌។
ID: 637648163764435237
ទៅកាន់ទំព័រ៖