ព្រះត្រៃបិដក ភាគ ៨១

 [៤០០] ត្រង់​ពាក្យ​ថា បីតិ និង​សុខ សេចក្តី​ថា បីតិ​ក៏​មាន សុខ​ក៏​មាន។ បណ្តា​ធម៌​ទាំងនោះ បីតិ តើ​ដូចម្តេច។ សេចក្តី​ឆ្អែតចិត្ត រីករាយ សប្បាយ ស្រស់ស្រាយ ញញឹម ស្រស់បស់ ត្រេកអរ អណ្តែត​អណ្តូង ភាព​នៃ​ចិត្តត្រេកអរ​ណា នេះ​ហៅថា បីតិ។ បណ្តា​ធម៌​ទាំងនោះ សុខ តើ​ដូចម្តេច។ សេចក្តី​ត្រេកអរ ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​សុខ ប្រព្រឹត្តទៅ​ក្នុងចិត្ត ការ​ទទួលអារម្មណ៍​ជាទី​ត្រេកអរ​ជា​សុខ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស សុខវេទនា​ជាទី​ត្រេកអរ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស​ណា នេះ​ហៅថា សុខ។ សេចក្តី​សុខ​នេះ ជា​ធម្មជាត​ប្រព្រឹត្តទៅ​ជាមួយ កើតជា​មួយ ច្រឡំ ប្រកបដោយ​បីតិ​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា បីតិ និង​សុខ។
 [៤០១] ត្រង់​ពាក្យ​ថា បឋម គឺទី​មួយ ដោយលំដាប់​នៃ​កិរិយា​រាប់ បុគ្គល​រមែង​ចូលកាន់​ឈាន​ទីមួយ​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា បឋម។
 [៤០២] ត្រង់​ពាក្យ​ថា ឈាន គឺ វិតក្កៈ វិចារៈ បីតិ សុខ ឯកគ្គតា​នៃ​ចិត្ត។
 [៤០៣] ត្រង់​ពាក្យ​ថា ចូល គឺ​ការបាន ការបាន​ចំពោះ ការ​ដល់ ការ​ដល់​ព្រម ការ​ពាល់ត្រូវ ការ​ធ្វើឲ្យ​ជាក់ច្បាស់ ការ​បំពេញ​នូវ​បឋមជ្ឈាន។
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 637648164383653800
ទៅកាន់ទំព័រ៖