ព្រះត្រៃបិដក ភាគ ៨១

 [៤០៨] ត្រង់​ពាក្យ​ថា មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ សេចក្តី​ថា វិតក្កៈ​ក៏​មាន វិចារៈ​ក៏​មាន។ បណ្តា​ធម៌​ទាំងនោះ វិតក្កៈ តើ​ដូចម្តេច។ ការ​ត្រិះរិះ ការ​រិះគិត។បេ។ សម្មាសង្កប្បៈ​ណា នេះ​ហៅថា វិតក្កៈ។ បណ្តា​ធម៌​ទាំងនោះ វិចារៈ តើ​ដូចម្តេច។ ការត្រួតត្រា ពិចារណា ពិ​ចារ​ណា​រឿយៗ ពិនិត្យមើល សម្រឹង​រឿយៗនៃ​ចិត្ត សង្កេត​ឃើ​ញរឿយៗនៃ​ចិត្ត​ណា នេះ​ហៅថា វិចារៈ។ វិតក្កៈ​នេះ​ផង វិចារៈ​នេះ​ផង​ជា​ធម៌​ស្ងប់​រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីន​ហោច រីងស្ងួត ធ្វើឲ្យ​អស់​ទៅ ព្រោះហេតុនោះ ទើប​ពោល​ថា មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ដោយ​ប្រការ​ដូច្នេះ។
 [៤០៩] ត្រង់​ពាក្យ​ថា កើត​ក្នុង​សមាធិ គឺ​សេចក្តី​ជ្រះថ្លា​ស៊ប់ បីតិ សុខ ឯកគ្គតា​នៃ​ចិត្ត ធម៌​ទាំងនោះ កើត ដុះដាល លូតលាស់ ចម្រើន កើត​ប្រាកដហើយ ក្នុង​សមាធិ​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា កើត​ក្នុង​សមាធិ។
 [៤១០] ត្រង់​ពាក្យ​ថា បីតិ និង​សុខ សេចក្តី​ថា បីតិ​ក៏​មាន សុខ​ក៏​មាន។ បណ្តា​ធម៌​ទាំងនោះ បីតិ តើ​ដូចម្តេច។ បីតិ (សេចក្តី​ឆ្អែតចិត្ត) ការ​រីករាយ។បេ។ ភាព​នៃ​ចិត្តត្រេកអរ​ណា នេះ​ហៅថា បីតិ។
ថយ | ទំព័រទី ២៧៨ | បន្ទាប់
ID: 637648165007091247
ទៅកាន់ទំព័រ៖