ព្រះត្រៃបិដក ភាគ ៨១
ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
[៥៦] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈជាអកុសលមូលណា នេះហៅថា អវិជ្ជា។ បណ្តាបច្ចយាការទាំងនោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចិត្តៈ សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះ នេះហៅថា វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ នាម និងរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ តើដូចម្តេច។ នាមក៏មាន រូបក៏មាន។ បណ្តានាម និងរូបទាំងនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម។ បណ្តានាម និងរូបទាំងនោះ រូប តើដូចម្តេច។ ការសន្សំនៃចក្ខាយតនៈ។បេ។
ID: 637647385630827857
ទៅកាន់ទំព័រ៖