ព្រះត្រៃបិដក ភាគ ៨១

 [៤១៩] ត្រង់​ពាក្យ​ថា ទទួល​សុខ​ដោយ​នាមកាយ។ បណ្តា​ពាក្យ​ទាំងនោះ សុខ តើ​ដូចម្តេច។ សេចក្តី​ត្រេកអរ ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​សុខ​ប្រព្រឹត្តទៅ​ក្នុងចិត្ត ការ​ទទួលអារម្មណ៍​ជាទី​ត្រេកអរ​ជា​សុខ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស សុខវេទនា ជាទី​ត្រេកអរ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស​ណា នេះ​ហៅថា សុខ។ បណ្តា​ពាក្យ​ទាំងនោះ នាមកាយ តើ​ដូចម្តេច។ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះ​ហៅថា នាមកាយ។ បុគ្គល​ទទួល​សេចក្តី​សុខ​នេះ ដោយ​នាមកាយ​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា ទទួល​សុខ​ដោយ​នាមកាយ។
 [៤២០] ត្រង់​ពាក្យ​ថា ព្រះ​អរិយៈ​ទាំងឡាយ តែង​សរសើរ​នូវ​បុគ្គល​អ្នក​ព្រមព្រៀង ដោយ​តតិយជ្ឈាន​នោះ សេចក្តី​ថា បណ្តា​ពាក្យ​ទាំងនោះ ព្រះ​អរិយៈ​ទាំងឡាយ តើ​ដូចម្តេច។ ព្រះពុទ្ធ​ទាំងឡាយ​ក្តី សាវ័ក​នៃ​ព្រះពុទ្ធ​ទាំងឡាយ​ក្តី ហៅថា ព្រះ​អរិយៈ ពួក​ព្រះ​អរិយៈ​ទាំងនោះ សរសើរ សំដែង បញ្ញត្ត តាំង​ទុក បើក ចែក ធ្វើឲ្យ​រាក់ ប្រកាស នូវ​បុគ្គល​អ្នក​ព្រមព្រៀង​ដោយ​តតិយជ្ឈាន​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា ព្រះ​អរិយៈ​ទាំងឡាយ តែង​សរសើរ​នូវ​បុគ្គល​អ្នក​ព្រមព្រៀង​ដោយ​តតិយជ្ឈាន​នោះ។
ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 637648166034591878
ទៅកាន់ទំព័រ៖