ព្រះត្រៃបិដក ភាគ ៨១
[៤២១] ត្រង់បទថា ជាអ្នកប្រកបដោយឧបេក្ខា មានស្មារតីនៅជាសុខ សេចក្តីថា បណ្តាពាក្យទាំងនោះ ឧបេក្ខា តើដូចម្តេច។ ការព្រងើយកន្តើយ អាការព្រងើយកន្តើយ អាការសំឡឹងឃើញជាក់ ភាពនៃចិត្តតាំងនៅជាកណ្តាលណា នេះហៅថា ឧបេក្ខា។ បណ្តាពាក្យទាំងនោះ ស្មារតី តើដូចម្តេច។ ការរឭក ការនឹកឃើញ។បេ។ ការរឭកត្រូវណា នេះហៅថា ស្មារតី។ បណ្តាពាក្យទាំងនោះ សុខ តើដូចម្តេច។ សេចក្តីត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ជាទីត្រេកអរ ជាសុខ ដែលកើតអំពីចេតោសម្ផ័ស្ស សុខវេទនាជាទីត្រេកអរ ដែលកើតអំពីចេតោសម្ផ័ស្ស នេះហៅថា សុខ។ បុគ្គលប្រកបដោយឧបេក្ខានេះផង ដោយស្មារតីនេះផង ដោយសុខនេះផង ហើយសម្រេចឥរិយាបថ ប្រព្រឹត្ត រក្សា រស់នៅ ញុំាងជីវិតឲ្យរស់នៅ ត្រាច់ទៅ សម្រាក នៅ ព្រោះហេតុនោះ ទើបពោលថា ជាអ្នកប្រកបដោយឧបេក្ខា មានស្មារតីនៅជាសុខ។
[៤២២] ត្រង់ពាក្យថា តតិយៈ គឺជាគំរប់បី ដោយលំដាប់នៃកិរិយារាប់ បុគ្គលចូលកាន់តតិយជ្ឈាននេះ ព្រោះហេតុនោះ ទើបឈ្មោះថា តតិយៈ។
ID: 637648166293185016
ទៅកាន់ទំព័រ៖