ព្រះត្រៃបិដក ភាគ ៨១
[៤២៣] ត្រង់ពាក្យថា ឈាន គឺ ឧបេក្ខា សតិ សម្បជញ្ញៈ សុខ ឯកគ្គតានៃចិត្ត។
[៤២៤] ត្រង់ពាក្យថា ចូល គឺ ការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ ការធ្វើឲ្យជាក់ច្បាស់ ការបំពេញនូវតតិយជ្ឈាន។
[៤២៥] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច។បេ។ នៅ ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។
[៤២៦] ត្រង់ពាក្យថា ព្រោះលះបង់សុខផង ព្រោះលះបង់ទុក្ខផង សេចក្តីថា សុខក៏មាន ទុក្ខក៏មាន។ បណ្តាពាក្យទាំងនោះ សុខ តើដូចម្តេច។ សេចក្តីត្រេកអរ ប្រព្រឹត្តទៅក្នុងកាយ សេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍ជាទីត្រេកអរជាសុខ ដែលកើតអំពីកាយសម្ផ័ស្ស សុខវេទនា ជាទីត្រេកអរ ដែលកើតអំពីកាយសម្ផ័ស្សណា នេះហៅថា សុខ។ បណ្តាធម៌ទាំងនោះ ទុក្ខ តើដូចម្តេច។ សេចក្តីមិនត្រេកអរ ប្រព្រឹត្តទៅក្នុងកាយ សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍មិនជាទីត្រេកអរ ជាទុក្ខ ដែលកើតអំពីកាយសម្ផ័ស្ស ទុក្ខវេទនា មិនជាទីត្រេកអរ ដែលកើតអំពីកាយសម្ផ័ស្សណា
ID: 637648166605841229
ទៅកាន់ទំព័រ៖