ព្រះត្រៃបិដក ភាគ ៨១

នេះ​ហៅថា ទុក្ខ។ សុខ​នេះ​ផង ទុក្ខ​នេះ​ផង ជា​ធម៌​ស្ងប់​រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីន​ហោច រីងស្ងួត ធ្វើឲ្យ​អស់​ទៅ ព្រោះហេតុនោះ ទើប​ពោល​ថា ព្រោះ​លះបង់​សុខ​ផង ព្រោះ​លះបង់​ទុក្ខ​ផង។
 [៤២៧] ត្រង់​ពាក្យ​ថា ព្រោះ​វិនាស​ទៅ​នៃ​សោមនស្ស និង​ទោមនស្ស​ក្នុង​កាលមុន សេចក្តី​ថា សោមនស្ស​ក៏​មាន ទោមនស្ស​ក៏​មាន។ បណ្តា​ធម៌​ទាំងនោះ សោមនស្ស តើ​ដូចម្តេច។ សេចក្តី​ត្រេកអរ ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​សុខ​ប្រព្រឹត្តទៅ​ក្នុងចិត្ត ការ​ទទួលអារម្មណ៍​ជាទី​ត្រេកអរ ជា​សុខ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស សុខវេទនា​ជាទី​ត្រេកអរ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស​ណា នេះ​ហៅថា សោមនស្ស។ បណ្តា​ធម៌​ទាំងនោះ ទោមនស្ស តើ​ដូចម្តេច។ សេចក្តី​មិន​ត្រេកអរ ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​ទុក្ខ ប្រព្រឹត្តទៅ​ក្នុងចិត្ត ការ​ទទួលអារម្មណ៍​មិនជា​ទី​ត្រេកអរ ជា​ទុក្ខ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស ទុក្ខវេទនា​មិនជា​ទី​ត្រេកអរ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស​ណា នេះ​ហៅថា ទោមនស្ស។ សោមនស្ស​នេះ​ផង ទោមនស្ស​នេះ​ផង ជា​ធម៌​ស្ងប់​រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីន​ហោច រីងស្ងួត ធ្វើឲ្យ​អស់​ទៅ ក្នុង​កាល​មុខ ព្រោះហេតុនោះ ទើប​ពោល​ថា ព្រោះ​វិនាស​ទៅ​នៃ​សោមនស្ស និង​ទោមនស្ស​ក្នុង​កាលមុន។
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 637648166853966354
ទៅកាន់ទំព័រ៖