ព្រះត្រៃបិដក ភាគ ៨១
បដិឃសញ្ញា បដិឃសញ្ញាទាំងនេះ ជាធម៌ស្ងប់រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីនហោច រីងស្ងួត ធ្វើឲ្យអស់ទៅ ព្រោះហេតុនោះ ទើបពោលថា ព្រោះវិនាសទៅនៃបដិឃសញ្ញាទាំងឡាយ។
[៤៣៦] ត្រង់ពាក្យថា ព្រោះមិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា សេចក្តីថា បណ្តាធម៌ទាំងនោះ នានត្តសញ្ញា តើដូចម្តេច។ ការសំគាល់ អាការសំគាល់ ភាពនៃការសំគាល់ណា របស់បុគ្គលអ្នកមិនចូលកាន់ (រូបសមាបត្តិ) ជាអ្នកព្រមព្រៀងដោយមនោធាតុក្តី ព្រមព្រៀងដោយមនោវិញ្ញាណធាតុក្តី នេះហៅថា នានត្តសញ្ញា បុគ្គលមិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញាទាំងនេះ ព្រោះហេតុនោះ ទើបពោលថា ព្រោះមិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា។
[៤៣៧] ត្រង់ពាក្យថា អាកាសមិនមានទីបំផុត សេចក្តីថា បណ្តាធម៌ទាំងនោះ អាកាស តើដូចម្តេច។ កន្លែងណា ដែលមិនអាចភ្ជួររាស់បាន អាកាស ទីឥតទើស ទីអាកាស ទីចន្លោះ វាល មិនប៉ះពាល់ដោយមហាភូតរូបទាំង ៤ នេះហៅថា អាកាស ភិក្ខុតំកល់ តាំងទុកនូវចិត្ត ក្នុងអាកាសនោះ ផ្សាយចិត្តទៅកាន់ទីដែលមិនមានទីបំផុត ព្រោះហេតុនោះ ទើបពោលថា អាកាសមិនមានទីបំផុត។
ID: 637648167795372591
ទៅកាន់ទំព័រ៖