ព្រះត្រៃបិដក ភាគ ៨១
ការសន្សំនៃកាយាយតនៈ ឬក៏រូបដទៃណា ដែលកើតអំពីចិត្ត មានចិត្តជាហេតុ មានចិត្តជាសមុដ្ឋាន នេះហៅថា រូប។ នាមនេះផង រូបនេះផង នេះហៅថា នាម និងរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ ដោយប្រការដូច្នេះ។ អធិប្បាយត្រង់ពាក្យថា អាយតនៈ ៦ កើតមាន ព្រោះនាម និងរូបជាបច្ច័យ។ នាមក៏មាន រូបក៏មាន។ បណ្តានាម និងរូបនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម។ បណ្តានាម និងរូបទាំងនោះ រូប តើដូចម្តេច។ មហាភូតរូបទាំង ៤ ក្តី មនោវិញ្ញាណធាតុ ប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវរូបណាក្តី នេះហៅថា រូប។ នាមនេះផង រូបនេះផង នេះហៅថា នាម និងរូប ដោយប្រការដូច្នេះ។ បណ្តាបច្ចយាការទាំងនោះ អាយតនៈ ៦ កើតមាន ព្រោះនាម និងរូបជាបច្ច័យ តើដូចម្តេច។ ចក្ខាយតនៈ ១ សោតាយតនៈ ១ ឃានាយតនៈ ១ ជិវ្ហាយតនៈ ១ កាយាយតនៈ ១ មនាយតនៈ ១ នេះហៅថា អាយតនៈ ៦ កើតមាន ព្រោះនាម និងរូបជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា នេះ ហៅថា ផស្សៈកើតមាន ព្រោះអាយតនៈ ៦ ជាបច្ច័យ។បេ។
ID: 637647385817546551
ទៅកាន់ទំព័រ៖