ព្រះត្រៃបិដក ភាគ ៨១
[៤៦៣] ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ចូលកាន់តតិយជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ៣ គឺ បីតិ សុខ ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា តតិយជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។
[៤៦៤] ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះនឿយណាយចាកបីតិផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ២ គឺ សុខ ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា ចតុត្ថជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។
[៤៦៥] ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះលះបង់សុខផង។បេ។ ចូលកាន់បញ្ចមជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ២ គឺឧបេក្ខា ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា បញ្ចមជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។
ID: 637648170265216584
ទៅកាន់ទំព័រ៖