ព្រះត្រៃបិដក ភាគ ៨១
ព្រោះវិនាសទៅនៃសោមនស្ស និងទោមនស្សក្នុងកាលមុនផង ហើយចូលកាន់ចតុត្ថជ្ឈាន មានអារម្មណ៍មិនមែនទុក្ខមិនមែនសុខ មានសតិដ៏បរិសុទ្ធដោយឧបេក្ខា។ បណ្តាឈានទាំង ៤ ឈានជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។បេ។ ជាសរណៈប៉ុន្មាន ជាអរណៈប៉ុន្មាន។
[៤៨៧] ឈានជាកុសលក៏មាន អាព្យាក្រឹតក៏មាន។ ឈាន ៣ ប្រកបដោយសុខវេទនា វៀរលែងតែសុខវេទនា ដែលកើតក្នុងឈាននុ៎ះចេញ ឈានទី ៤ ប្រកបដោយអទុក្ខមសុខវេទនា វៀរលែងតែអទុក្ខមសុខវេទនា ដែលកើតក្នុងឈាននុ៎ះចេញ។ ឈានជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យក តែជាប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន មិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មងក៏មាន មិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន។ ឈានទី ១ ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ វៀរលែងតែវិតក្កៈ និងវិចារៈ ដែលកើតក្នុងឈាននុ៎ះចេញ ឈាន ៣ មិនមានវិតក្កៈ មិនមានវិចារៈ។
ID: 637648173979279474
ទៅកាន់ទំព័រ៖