ព្រះត្រៃបិដក ភាគ ៨១
ឈាន ៣ មិនមានមគ្គជាអារម្មណ៍ តែមានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគួរពោលថា មានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន ឈានទី៤ មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគួរពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន។ ឈានដែលកើតហើយក៏មាន មិនទាន់កើតក៏មាន បម្រុងនឹងកើតក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន។ ឈាន ៣ មិនគួរពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងឡើយ ឈានទី ៤ មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន មិនគួរពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន។ ឈានខាងក្នុងក៏មាន ខាងក្រៅក៏មាន ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។ ឈាន ៣ មានអារម្មណ៍ខាងក្រៅ ឈានទី ៤ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ខាងក្នុង និងខាងក្រៅក៏មាន មិនគួរពោលថា មានអារម្មណ៍ខាងក្នុងផង ថាមានអារម្មណ៍ខាងក្រៅផង ថាមានអារម្មណ៍ខាងក្នុង និងខាងក្រៅផងក៏មាន។ ឈានមិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់។
ID: 637648174486935031
ទៅកាន់ទំព័រ៖