ព្រះត្រៃបិដក ភាគ ៨១

ចេតនា ការ​សន្សំ ភាព​នៃ​ការ​សន្សំ (នូវ​អារម្មណ៍) ណា នេះ​ហៅថា សង្ខារ​មាន​អវិជ្ជា​ជាហេតុ កើតមាន​ព្រោះ​អវិជ្ជា​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ វិញ្ញាណ មាន​សង្ខារ​ជាហេតុ កើតមាន​ព្រោះ​សង្ខារ​ជា​បច្ច័យ តើ​ដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ ដែល​កើតអំពី​វិញ្ញាណ​នោះ​ណា នេះ​ហៅថា វិញ្ញាណ​មាន​សង្ខារ​ជាហេតុ កើតមាន​ព្រោះ​សង្ខារ​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ នាម​មានវិញ្ញាណ​ជាហេតុ កើតមាន​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះ​ហៅថា នាម​មានវិញ្ញាណ​ជាហេតុ កើតមាន​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ អាយតនៈ ទី ៦ មាន​នាម​ជាហេតុ កើតមាន​ព្រោះ​នាម​ជា​បច្ច័យ តើ​ដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ​ដែល​កើតអំពី​វិញ្ញាណ​នោះ​ណា នេះ​ហៅថា អាយតនៈ ទី ៦ មាន​នាម​ជាហេតុ កើតមាន​ព្រោះ​នាម​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ ផស្សៈ មាន​អាយតនៈ ទី ៦ ជាហេតុ កើតមាន​ព្រោះ​អាយតនៈ​ទី ៦ ជា​បច្ច័យ តើ​ដូចម្តេច។ ផស្សៈ ការ​ពាល់ត្រូវ ការ​ប៉ះពាល់ ការ​ទង្គុកទង្គិច​ណា នេះ​ហៅថា ផស្សៈ មាន​អាយតនៈ​ទី ៦ ជាហេតុ កើតមាន​ព្រោះ​អាយតនៈ​ទី ៦ ជា​បច្ច័យ។
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 637647386298328014
ទៅកាន់ទំព័រ៖