ព្រះត្រៃបិដក ភាគ ៨១
ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហទយៈ បណ្ឌរៈ (ធម្មជាតដ៏ផូរផង់) មនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត។ ចិត្តនេះ ជាធម្មជាតទៅជាមួយគ្នា កើតជាមួយគ្នា ច្រឡំគ្នា ប្រកបព្រមដោយមេត្តានេះ ព្រោះហេតុនោះ ទើបពោលថា មានចិត្តប្រកបដោយមេត្តា។ ពាក្យថា ទិស១ គឺទិសខាងកើតក្តី ទិសខាងលិចក្តី ទិសខាងជើងក្តី ទិសខាងត្បូងក្តី ទិសខាងលើក្តី ទិសខាងក្រោមក្តី ទិសទទឹងក្តី ទិសផ្សេងៗក្តី។ ពាក្យថា ផ្សាយ គឺផ្សាយចិត្តទៅ បញ្ជូនចិត្តទៅ។ ពាក្យថា សម្រាកនៅ គឺសម្រេចឥរិយាបថ ប្រព្រឹត្ត រក្សា រស់នៅ ញុំាងជីវិតឲ្យរស់នៅ ត្រាច់ទៅ សម្រាន្តនៅ ព្រោះហេតុនោះ ទើបពោលថា សម្រាកនៅ។ ពាក្យថា ទិសទី២ ក៏ដូចគ្នា គឺផ្សាយចិត្តទៅកាន់ទិស១ យ៉ាងណា ផ្សាយចិត្តទៅកាន់ទិសទី២ ទិសទី៣ ទិសទី៤ ទិសខាងលើ ទិសខាងក្រោម ទិសទទឹង ទិសផ្សេងៗ ក៏យ៉ាងនោះដែរ។ ពាក្យថា ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង មានសេចក្តីថា ពាក្យថា ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួងនុ៎ះ ជាពាក្យរួបរួមសត្វទាំងពួង ទាំងអស់ រាល់រូប គ្រប់រូប
ID: 637648176160685067
ទៅកាន់ទំព័រ៖