ព្រះត្រៃបិដក ភាគ ៨១
[៤៩៤] បណ្តាធម៌ទាំងនោះ ករុណា តើដូចម្តេច។ ការអាណិត អាការអាណិត ភាពនៃការអាណិត ការអាណិតអាសូរ ចេតោវិមុត្តិណា ចំពោះពួកសត្វ នេះហៅថា ករុណា។ បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត។ ចិត្តនេះ ជាធម្មជាតទៅជាមួយគ្នា កើតជាមួយគ្នា ច្រឡំគ្នា ប្រកបព្រមដោយករុណានេះ ព្រោះហេតុនោះ ទើបពោលថា មានចិត្តប្រកបដោយករុណា។ ពាក្យថា ទិស១ គឺ ទិសខាងកើតក្តី ទិសខាងលិចក្តី ទិសខាងជើងក្តី ទិសខាងត្បូងក្តី ទិសខាងលើក្តី ទិសខាងក្រោមក្តី ទិសទទឹងក្តី ទិសផ្សេងៗក្តី។ ពាក្យថា ផ្សាយ គឺ ផ្សាយចិត្តទៅ បញ្ជូនចិត្តទៅ។ ពាក្យថា សម្រាកនៅ គឺសម្រេចឥរិយាបថ ប្រព្រឹត្ត រក្សា រស់នៅ ញុំាងជីវិតឲ្យរស់នៅ ត្រាច់ទៅ សម្រាន្តនៅ ព្រោះហេតុនោះ ទើបពោលថា សម្រាកនៅ។ ពាក្យថា ទិសទី២ ក៏ដូចគ្នា គឺផ្សាយចិត្តទៅកាន់ទិស១ យ៉ាងណា ផ្សាយចិត្តទៅកាន់ទិសទី២ ទិសទី៣ ទិសទី៤ ទិសខាងលើ ទិសខាងក្រោម ទិសទទឹង ទិសផ្សេងៗ ក៏យ៉ាងនោះដែរ។ ពាក្យថា ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វលោកទាំងអស់ ក្នុងទីទាំងពួង
ID: 637648176645841249
ទៅកាន់ទំព័រ៖