ព្រះត្រៃបិដក ភាគ ៨១

មាន​សេចក្តី​ថា ពាក្យ​ថា ផ្សាយ​ទៅកាន់​សត្វលោក​ទាំងពួង ដោយ​ការ​យក​ខ្លួន​ទៅ​ប្រៀបផ្ទឹម​នឹង​សត្វ​ទាំងអស់ ក្នុង​ទី​ទាំងពួង​នុ៎ះ ជា​ពាក្យ​រួបរួម សត្វ​ទាំងពួង ទាំងអស់ រាល់រូប គ្រប់រូប មិន​មាន​សល់ ឥត​សេសសល់។ ពាក្យ​ថា មានចិត្ត​ប្រកបដោយ​ករុណា សេចក្តី​ថា បណ្តា​អប្ប​មញ្ញា​ទាំងនោះ ករុណា តើ​ដូចម្តេច។ ការ​អាណិត អាការ​អាណិត ភាព​នៃ​ការ​អាណិត ការ​អាណិតអាសូរ ចេ​តោ​វិមុត្តិ​ណា ចំពោះ​ពួក​សត្វ នេះ​ហៅថា ករុណា។ បណ្តា​ធម៌​ទាំងនោះ ចិត្ត តើ​ដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ ដែល​កើតអំពី​វិញ្ញាណ​នោះ​ណា នេះ​ហៅថា ចិត្ត។ ចិត្ត​នេះ ជា​ធម្មជាត​ទៅជាមួយ​គ្នា កើតជា​មួយ​គ្នា ច្រឡំ​គ្នា ប្រកប​ព្រមដោយ​ករុណា​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា មានចិត្ត​ប្រកបដោយ​ករុណា។ ពាក្យ​ថា ទូលាយ គឺ គុណជាត​ណា​ដ៏​ទូលាយ គុណជាត​នោះ ដល់​នូវ​ភាពជា​ធំ គុណជាត​ណា ដល់​នូវ​ភាពជា​ធំ គុណជាត​នោះ មាន​ប្រមាណ​មិនបាន គុណជាត​ណា មិន​មាន​ប្រមាណ សភាវៈ​នោះ មិន​មាន​ពៀរ សភាវៈ​ណា មិន​មាន​ពៀរ សភាវៈ​នោះ មិន​មាន​ព្យាបាទ។ ពាក្យ​ថា ផ្សាយ គឺ ផ្សាយ​ចិត្ត​ទៅ បញ្ជូន​ចិត្ត​ទៅ។ ពាក្យ​ថា សម្រាក​នៅ គឺ​សម្រេច​ឥរិយាបថ។បេ។ សម្រាន្ត​នៅ ព្រោះហេតុនោះ ទើប​ពោល​ថា សម្រាក​នៅ។
ថយ | ទំព័រទី ៣១៧ | បន្ទាប់
ID: 637648176888812486
ទៅកាន់ទំព័រ៖