ព្រះត្រៃបិដក ភាគ ៨១
ទិសទី៣ ទិសទី៤ ទិសខាងលើ ទិសខាងក្រោម ទិសទទឹង ទិសផ្សេងៗ ក៏យ៉ាងនោះដែរ។ ពាក្យថា ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង មានសេចក្តីថា ពាក្យថា ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង នុ៎ះជាពាក្យរួបរួមសត្វទាំងពួង ទាំងអស់ រាល់រូប គ្រប់រូប មិនមានសល់ ឥតសេសសល់។ ពាក្យថា មានចិត្តប្រកបដោយមុទិតា សេចក្តីថា បណ្តាអប្បមញ្ញាទាំងនោះ មុទិតា តើដូចម្តេច។ ការរីករាយ អាការរីករាយ ភាពនៃការរីករាយ ការស្រស់ស្រាយ ចេតោវិមុត្តិណា ចំពោះពួកសត្វ នេះហៅថា មុទិតា។ បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត។ ចិត្តនេះ ជាធម្មជាតទៅជាមួយគ្នា កើតជាមួយគ្នា ច្រឡំគ្នា ប្រកបព្រមដោយមុទិតានេះ ព្រោះហេតុនោះ ទើបពោលថា មានចិត្តប្រកបដោយមុទិតា។ ពាក្យថា ទូលាយ គឺគុណជាតណាដ៏ទូលាយ គុណជាតនោះ ដល់នូវភាពជាធំ គុណជាតណា ដល់នូវភាពជាធំ គុណជាតនោះ មិនមានប្រមាណ គុណជាតណា មិនមានប្រមាណ សភាវៈនោះ មិនមានពៀរ សភាវៈណា មិនមានពៀរ សភាវៈនោះមិនមានព្យាបាទ។
ID: 637648177369435088
ទៅកាន់ទំព័រ៖