ព្រះត្រៃបិដក ភាគ ៨១
ពាក្យថា ផ្សាយ គឺផ្សាយចិត្តទៅ បញ្ជូនចិត្តទៅ។ ពាក្យថា សម្រាកនៅ គឺសម្រេចឥរិយាបថ។បេ។ សម្រាន្តនៅ ព្រោះហេតុនោះ ទើបពោលថា សម្រាកនៅ។
[៤៩៧] ចុះភិក្ខុមានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិស១ តើដូចម្តេច។ បុគ្គលឃើញបុគ្គលម្នាក់ ជាទីពេញចិត្ត ក៏មិនមែន មិនជាទីពេញចិត្តក៏មិនមែន ហើយជាអ្នកព្រងើយកន្តើយ យ៉ាងណា ភិក្ខុផ្សាយឧបេក្ខាចំពោះសត្វទាំងពួង យ៉ាងនោះឯង។
[៤៩៨] បណ្តាអប្បមញ្ញាទាំងនោះ ឧបេក្ខា តើដូចម្តេច។ ការព្រងើយ អាការព្រងើយ ភាពនៃការព្រងើយ ការតោះតើយ ចេតោវិមុត្តិណា ចំពោះពួកសត្វ នេះហៅថា ឧបេក្ខា។ បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត។ ចិត្តនេះ ជាធម្មជាតទៅជាមួយគ្នា កើតជាមួយគ្នា ច្រឡំគ្នា ប្រកបព្រមដោយឧបេក្ខានេះ ព្រោះហេតុនោះ ទើបពោលថា មានចិត្តប្រកបដោយឧបេក្ខា។ ពាក្យថា ទិស១ គឺ ទិសខាងកើតក្តី ទិសខាងលិចក្តី ទិសខាងជើងក្តី ទិសខាងត្បូងក្តី ទិសខាងលើក្តី ទិសខាងក្រោមក្តី ទិសទទឹងក្តី ទិសផ្សេងៗក្តី។ ពាក្យថា ផ្សាយ គឺផ្សាយចិត្តទៅ
ID: 637648177632872540
ទៅកាន់ទំព័រ៖