ព្រះត្រៃបិដក ភាគ ៨១

ជា​បច្ច័យ ផស្សៈ មាន​អាយតនៈ​ទី ៦ ជាហេតុ កើតមាន​ព្រោះ​អាយតនៈ​ទី ៦ ជា​បច្ច័យ វេទនា​មាន​ផស្សៈ​ជាហេតុ កើតមាន​ព្រោះ​ផស្សៈ​ជា​បច្ច័យ តណ្ហា​មាន​វេទនា​ជាហេតុ កើតមាន​ព្រោះ​វេទនា​ជា​បច្ច័យ ឧបាទាន​មាន​តណ្ហា​ជាហេតុ កើតមាន​ព្រោះ​តណ្ហា​ជា​បច្ច័យ ភព​កើតមាន ព្រោះ​ឧបាទាន​ជា​បច្ច័យ ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ ជរា និង​មរណៈ​កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ យ៉ាងនេះ។
 [៦២] បណ្តា​បច្ច​យា​ការ​ទាំងនោះ អវិជ្ជា តើ​ដូចម្តេច។ ការ​មិនដឹង ការ​មិនឃើញ។បេ។ គន្លឹះ​គឺ​អវិជ្ជា មោហៈ​ជាអកុសល​មូល​ណា នេះ​ហៅថា អវិជ្ជា។ បណ្តា​បច្ច​យា​ការ​ទាំងនោះ សង្ខារ​មាន​អវិជ្ជា​ជាហេតុ កើតមាន​ព្រោះ​អវិជ្ជា​ជា​បច្ច័យ តើ​ដូចម្តេច។ ចេតនា ការ​សន្សំ ភាព​នៃ​ការ​សន្សំ (នូវ​អារម្មណ៍) ណា នេះ​ហៅថា សង្ខារ​មាន​អវិជ្ជា​ជាហេតុ កើតមាន​ព្រោះ​អវិជ្ជា​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ វិញ្ញាណ មាន​សង្ខារ​ជាហេតុ កើតមាន​ព្រោះ​សង្ខារ​ជា​បច្ច័យ តើ​ដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ ដែល​កើតអំពី​វិញ្ញាណ​នោះ​ណា នេះ​ហៅថា វិញ្ញាណ មាន​សង្ខារ​ជាហេតុ កើតមាន​ព្រោះ​សង្ខារ​ជា​បច្ច័យ។
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 637647387154265231
ទៅកាន់ទំព័រ៖