ព្រះត្រៃបិដក ភាគ ៨១
អាយតនៈទី ៦ មាននាម និងរូបជាហេតុ កើតមានព្រោះនាម និងរូបជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ ផស្សៈ មានអាយតនៈទី ៦ ជាហេតុ កើតមានព្រោះអាយតនៈទី ៦ ជាបច្ច័យ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា នេះហៅថា ផស្សៈមានអាយតនៈទី ៦ ជាហេតុ កើតមានព្រោះអាយតនៈទី ៦ ជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើបលោកពោលថា ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
[៦៣] ក្នុងសម័យនោះ សង្ខារមានអវិជ្ជាជាហេតុ កើតមានព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណមានសង្ខារជាហេតុ កើតមានព្រោះសង្ខារជាបច្ច័យ នាម និងរូប មានវិញ្ញាណជាហេតុ កើតមានព្រោះវិញ្ញាណជាបច្ច័យ អាយតនៈ ៦ មាននាម និងរូបជាហេតុ កើតមាន ព្រោះនាម និងរូបជាបច្ច័យ ផស្សៈមានអាយតនៈ ៦ ជាហេតុ កើតមានព្រោះអាយតនៈ ៦ ជាបច្ច័យ វេទនាមាន ផស្សៈជាហេតុ កើតមានព្រោះផស្សៈជាបច្ច័យ តណ្ហាមានវេទនាជាហេតុ កើតមានព្រោះវេទនាជាបច្ច័យ ឧបាទាន មានតណ្ហាជាហេតុ កើតមានព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
ID: 637647387586296612
ទៅកាន់ទំព័រ៖