ព្រះត្រៃបិដក ភាគ ៨១
នាម និងរូប មានវិញ្ញាណជាហេតុ កើតមានព្រោះវិញ្ញាណជាបច្ច័យ ដោយប្រការដូច្នេះ។ អធិប្បាយត្រង់ពាក្យថា អាយតនៈ ៦ មាននាម និងរូបជាហេតុ កើតមានព្រោះនាម និងរូបជាបច្ច័យ។ នាមក៏មាន រូបក៏មាន។ បណ្តានាម និងរូបទាំងនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម។ បណ្តានាម និងរូបទាំងនោះ រូប តើដូចម្តេច។ មហាភូតរូបទាំង ៤ និងមនោវិញ្ញាណធាតុ ប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវរូបណា នេះហៅថា រូប។ នាមនេះផង រូបនេះផង នេះហៅថា នាម និងរូប ដោយប្រការដូច្នេះ។ បណ្តាបច្ចយាការទាំងនោះ អាយតនៈ ៦ មាននាម និងរូបជាហេតុ កើតមានព្រោះនាម និងរូបជាបច្ច័យ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ មនាយតនៈ នេះហៅថា អាយតនៈ ៦ មាននាម និងរូបជាហេតុ កើតមានព្រោះនាម និងរូបជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ ផស្សៈមានអាយតនៈ ៦ ជាហេតុ កើតមានព្រោះអាយតនៈ ៦ ជាបច្ច័យ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ សេចក្តីទង្គុកទង្គិចណា នេះហៅថា ផស្សៈមានអាយតនៈ ៦ ជាហេតុ កើតមានព្រោះអាយតនៈ ៦ ជាបច្ច័យ។បេ។ ព្រោះហេតុនោះ លោកទើបពោលថា ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
ចប់ ហេតុចតុក្កៈ។
ID: 637647388003171453
ទៅកាន់ទំព័រ៖