ព្រះត្រៃបិដក ភាគ ៨១
[៦៥] ក្នុងសម័យនោះ សង្ខារប្រកបដោយអវិជ្ជា កើតមានព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ ប្រកបដោយសង្ខារ កើតមានព្រោះសង្ខារជាបច្ច័យ នាមប្រកបដោយវិញ្ញាណ កើតមានព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ ប្រកបដោយនាម កើតមានព្រោះនាមជាបច្ច័យ ផស្សៈ ប្រកបដោយអាយតនៈទី ៦ កើតមានព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាប្រកបដោយផស្សៈ កើតមានព្រោះផស្សៈជាបច្ច័យ តណ្ហាប្រកបដោយវេទនា កើតមានព្រោះវេទនាជាបច្ច័យ ឧបាទានប្រកបដោយតណ្ហា កើតមានព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈ កើតមានព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
[៦៦] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈជាអកុសលមូលណា នេះហៅថា អវិជ្ជា។ បណ្តាបច្ចយាការទាំងនោះ សង្ខារប្រកបដោយអវិជ្ជា កើតមានព្រោះអវិជ្ជាជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារប្រកបដោយអវិជ្ជា កើតមានព្រោះអវិជ្ជាជាបច្ច័យ។
ID: 637647388247077911
ទៅកាន់ទំព័រ៖