ព្រះត្រៃបិដក ភាគ ៨១

បណ្តា​បច្ច​យា​ការ​ទាំងនោះ វិញ្ញាណ ប្រកបដោយ​សង្ខារ កើតមាន​ព្រោះ​សង្ខារ​ជា​បច្ច័យ តើ​ដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ ដែល​កើតអំពី​វិញ្ញាណ​នោះ​ណា នេះ​ហៅថា វិញ្ញាណ​ប្រកបដោយ​សង្ខារ កើតមាន​ព្រោះ​សង្ខារ​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ នាម​ប្រកបដោយ​វិញ្ញាណ កើតមាន​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះ​ហៅថា នាម​ប្រកបដោយ​វិញ្ញាណ កើតមាន​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ អាយតនៈ​ទី ៦ ប្រកបដោយ​នាម កើតមាន​ព្រោះ​នាម​ជា​បច្ច័យ តើ​ដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ ដែល​កើតអំពី​វិញ្ញាណ​នោះ​ណា នេះ​ហៅថា អាយតនៈ​ទី ៦ ប្រកបដោយ​នាម កើតមាន​ព្រោះ​នាម​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ ផស្សៈ ប្រកបដោយ​អាយតនៈ​ទី ៦ កើតមាន​ព្រោះ​អាយតនៈ ទី ៦ ជា​បច្ច័យ តើ​ដូចម្តេច។ ផស្សៈ ការ​ពាល់ត្រូវ ការ​ប៉ះពាល់ ការ​ទង្គុកទង្គិច​ណា នេះ​ហៅថា ផស្សៈ​ប្រកបដោយ​អាយតនៈ​ទី ៦ កើតមាន​ព្រោះ​អាយតនៈ​ទី ៦ ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ វេទនា ប្រកបដោយ​ផស្សៈ កើតមាន​ព្រោះ​ផស្សៈ​ជា​បច្ច័យ តើ​ដូចម្តេច។
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 637647388468327941
ទៅកាន់ទំព័រ៖