ព្រះត្រៃបិដក ភាគ ៨១
បណ្តានាម និងរូបនោះ រូប តើដូចម្តេច។ ការសន្សំនៃចក្ខាយតនៈ។បេ។ ការសន្សំនៃកាយាយតនៈ ឬក៏រូបដទៃណា ដែលកើតអំពីចិត្ត មានចិត្តជាហេតុ មានចិត្តជាសមុដ្ឋាន នេះហៅថា រូប។ នាមនេះផង រូបនេះផង នេះហៅថា នាម និងរូប ជានាមប្រកបដោយវិញ្ញាណ កើតមានព្រោះវិញ្ញាណជាបច្ច័យ។ អធិប្បាយត្រង់ពាក្យថា អាយតនៈទី ៦ ប្រកបដោយនាម កើតមាន ព្រោះនាម និងរូបជាបច្ច័យ។ នាមក៏មាន រូបក៏មាន។ បណ្តានាម និងរូបនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម។ បណ្តា នាម និងរូបនោះ រូប តើដូចម្តេច។ មនោវិញ្ញាណធាតុ ប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវរូបណា នេះហៅថា រូប។ នាមនេះផង រូបនេះផង នេះហៅថា នាម និងរូប ដោយប្រការដូច្នេះ។ បណ្តាបច្ចយាការទាំងនោះ អាយតនៈទី ៦ ប្រកបដោយនាម កើតមាន ព្រោះនាម និងរូបជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា អាយតនៈទី ៦ ប្រកបដោយនាម កើតមានព្រោះនាម និងរូបជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ ផស្សៈប្រកបដោយអាយតនៈទី ៦ កើតមានព្រោះអាយតនៈ ទី ៦ ជាបច្ច័យ តើដូចម្តេច។
ID: 637647389559894009
ទៅកាន់ទំព័រ៖