ព្រះត្រៃបិដក ភាគ ៨១
[៨០] បណ្តាបច្ចយាការទាំងនោះ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តើដូចម្តេច។ សេចក្តីត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ជាទីត្រេកអរជាសុខ ដែលកើតអំពីចេតោសម្ផ័ស្ស វេទនាជាទីត្រេកអរជាសុខ ដែលកើតអំពីចេតោសម្ផ័ស្ស នេះហៅថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ ផស្សៈកើតមាន ព្រោះវេទនាជាបច្ច័យ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា នេះហៅថា ផស្សៈកើតមាន ព្រោះវេទនាជាបច្ច័យ។
[៨១] បណ្តាបច្ចយាការទាំងនោះ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងណានៃចិត្ត នេះហៅថា តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ វេទនាកើតមាន ព្រោះតណ្ហាជាបច្ច័យ តើដូចម្តេច។ សេចក្តីត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ ជាទីត្រេកអរជាសុខ ដែលកើតអំពីចេតោសម្ផ័ស្ស វេទនា ជាទីត្រេកអរជាសុខ ដែលកើតអំពីចេតោសម្ផ័ស្សណា នេះហៅថា វេទនាកើតមាន ព្រោះតណ្ហាជាបច្ច័យ។
ID: 637647391232702745
ទៅកាន់ទំព័រ៖