ព្រះត្រៃបិដក ភាគ ៨១

ការ​ចាស់ ការ​គ្រាំគ្រា ការ​រួញ​ថយ​អាយុ​ណា នៃ​ធម៌​ទាំងឡាយ​នោះ នេះ​ហៅថា ជរា។ បណ្តា​ជរា និង​មរណៈ​នោះ មរណៈ តើ​ដូចម្តេច។ ការ​អស់ ការ​សូន្យ ការ​បែកធ្លាយ ការ​ខ្ចាត់ខ្ចាយ ការ​មិន​ទៀង ការបាត់បង់​ណា នៃ​ធម៌​ទាំងឡាយ​នោះ នេះ​ហៅថា មរណៈ។ ជរា​នេះ​ផង មរណៈ​នេះ​ផង នេះ​ហៅថា ជរា និង​មរណៈ​កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ដោយ​ប្រការ​ដូច្នេះ។
 [៨៦] សេចក្តី​ត្រង់​ពាក្យ​ថា ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំង​អស់​នោ​នុ៎ះ រមែង​មាន ដោយ​អាការ​យ៉ាងនេះ ដូចតទៅ​នេះ។ ការ​ចួប​ជុំ ការ​មូលមក ការប្រជុំ​ចុះ ការ​កើត​ប្រាកដ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ ព្រោះហេតុនោះ ទើប​ពោល​ថា ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
 [៨៧] ក្នុង​សម័យ​នោះ សង្ខារ​កើតមាន ព្រោះ​អវិជ្ជា​ជា​បច្ច័យ អវិជ្ជា​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ សង្ខារ​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ នាម​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ វិញ្ញាណ​កើតមាន ព្រោះ​នាម​ជា​បច្ច័យ ផស្សៈ​កើតមាន ព្រោះ​នាម​ជា​បច្ច័យ នាម​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 637647391762233953
ទៅកាន់ទំព័រ៖