ព្រះត្រៃបិដក ភាគ ៨១
សង្ខារក្ខន្ធ នេះហៅថា នាម។ បណ្តានាម និងរូបនោះ រូប តើដូចម្តេច។ ការសន្សំនៃចក្ខាយតនៈ។បេ។ ការសន្សំនៃកាយាយតនៈ ឬក៏រូបដទៃណា ដែលកើតអំពីចិត្ត មានចិត្តជាហេតុ មានចិត្តជាសមុដ្ឋាន នេះហៅថា រូប។ នាមនេះផង រូបនេះផង នេះហៅថា នាម និងរូប កើតមាន ព្រោះវិញ្ញាណជាបច្ច័យ ដោយប្រការដូច្នេះ។ សេចក្តីត្រង់ពាក្យថា វិញ្ញាណកើតមាន ព្រោះនាម និងរូបជាបច្ច័យ ដូចតទៅនេះ។ នាមក៏មាន រូបក៏មាន។ បណ្តានាម និងរូបនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម។ បណ្តានាម និងរូបនោះ រូប តើដូចម្តេច។ មនោវិញ្ញាណធាតុ ប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវរូបណា នេះហៅថា រូប។ នាមនេះផង រូបនេះផង នេះហៅថា នាម និងរូប ដោយប្រការដូច្នេះ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណកើតមាន ព្រោះនាម និងរូបជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណកើតមាន ព្រោះនាម និងរូបជាបច្ច័យ។ សេចក្តីត្រង់ពាក្យថា អាយតនៈទី ៦ កើតមាន ព្រោះនាម និងរូបជាបច្ច័យ ដូចតទៅនេះ។ នាមក៏មាន រូបក៏មាន។ បណ្តានាម និងរូបនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម។
ID: 637647392851765268
ទៅកាន់ទំព័រ៖