ព្រះត្រៃបិដក ភាគ ៨១

បណ្តា​នាម និង​រូប​ទាំងនោះ រូប តើ​ដូចម្តេច។ មហាភូតរូប ៤ និង​មនោវិញ្ញាណ​ធាតុ ប្រព្រឹត្តទៅ ព្រោះ​អាស្រ័យ​នូវ​រូប​ណា នេះ​ហៅថា រូប។ នាម​នេះ​ផង រូប​នេះ​ផង នេះ​ហៅថា នាម និង​រូប ដោយ​ប្រការ​ដូច្នេះ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ អាយតនៈ ៦ កើតមាន ព្រោះ​នាម និង​រូប​ជា​បច្ច័យ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ មនាយតនៈ នេះ​ហៅថា អាយតនៈ ៦ កើតមាន ព្រោះ​នាម និង​រូប​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ នាម និង​រូប កើតមាន ក៏​ព្រោះ​អាយតនៈ ៦ ជា​បច្ច័យ តើ​ដូចម្តេច។ នាម​ក៏​មាន រូប​ក៏​មាន។ បណ្តា​នាម និង​រូប​ទាំងនោះ នាម តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះ​ហៅថា​នាម។ បណ្តា​នាម និង​រូប​នោះ រូប តើ​ដូចម្តេច។ ការ​សន្សំ​នៃ​ចក្ខា​យតនៈ។បេ។ ការ​សន្សំ​នៃ​កាយាយតនៈ ឬក៏​រូប​ដទៃ​ណា ដែល​កើតអំពី​ចិត្ត មានចិត្តជា​ហេតុ មានចិត្តជា​សមុដ្ឋាន នេះ​ហៅថា រូប។ នាម​នេះ​ផង រូប​នេះ​ផង នេះ​ហៅថា នាម និង​រូប​កើតមាន ព្រោះ​អាយតនៈ ៦ ជា​បច្ច័យ ដោយ​ប្រការ​ដូច្នេះ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ ផស្សៈ​កើតមាន ព្រោះ​អាយតនៈ ៦ ជា​បច្ច័យ តើ​ដូចម្តេច។ ផស្សៈ ការ​ពាល់ត្រូវ ការ​ប៉ះពាល់ ការ​ទង្គុកទង្គិច​ណា នេះ​ហៅថា ផស្សៈ​កើតមាន ព្រោះ​អាយតនៈ ៦ ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ អាយតនៈ ៦ កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ តើ​ដូចម្តេច។
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 637647394004890932
ទៅកាន់ទំព័រ៖