ព្រះត្រៃបិដក ភាគ ៨១
[១៥] បណ្តាបច្ចយាការទាំងនោះ បរិទេវៈ តើដូចម្តេច។ សេចក្តីខ្សឹកខ្សួល ការទួញយំ អាការខ្សឹកខ្សួល អាការទួញយំ ភាពខ្សឹកខ្សួល ភាពទួញយំ ការពោល ការយំរៀបរាប់ ការយំអណ្តឺតអណ្តក ការពោលដែលៗ អាការពោលដែលៗ ភាពពោលដដែលៗ របស់បុគ្គលដែលត្រូវសេចក្តីវិនាសញាតិប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសភោគៈប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសគឺរោគប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសសីលប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសគឺទិដ្ឋិប៉ះពាល់ក្តី ឬប្រកបដោយសេចក្តីវិនាសណាមួយ ឬក៏ត្រូវទុក្ខធម៌ណាមួយប៉ះពាល់ហើយ នេះហៅថា បរិទេវៈ។
[១៦] បណ្តាបច្ចយាការទាំងនោះ ទុក្ខៈ តើដូចម្តេច។ សេចក្តីមិនត្រេកអរ ប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍មិនជាទីត្រេកអរ ដែលកើតអំពីកាយសម្ផ័ស្ស វេទនាមិនជាទីត្រេកអរ ជាទុក្ខដែលកើតអំពីកាយសម្ផ័ស្ស ណា នេះហៅថា ទុក្ខៈ។
[១៧] បណ្តាបច្ចយាការទាំងនោះ ទោមនស្សៈ តើដូចម្តេច។ សេចក្តីមិនត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត ទុក្ខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនជាទីត្រេកអរ ជាទុក្ខ ដែលកើតអំពីចេតោសម្ផ័ស្ស វេទនាមិនជាទីត្រេកអរ ជាទុក្ខដែលកើតអំពីចេតោសម្ផ័ស្ស ណា នេះហៅថា ទោមនស្ស។
ID: 637647380244421581
ទៅកាន់ទំព័រ៖