ព្រះត្រៃបិដក ភាគ ៨១
[១០៣] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈ អកុសលមូលណា នេះហៅថា អវិជ្ជា។បេ។ បណ្តាបច្ចយាការទាំងនោះ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តើដូចម្តេច។ សេចក្តីត្រេកអរ ក៏មិនមែន សេចក្តីមិនត្រេកអរក៏មិនមែន ដែលប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ មិនមែនទុក្ខ មិនមែនសុខ ដែលកើតអំពីចេតោសម្ផ័ស្ស អទុក្ខមសុខវេទនា ដែលកើតអំពីចេតោសម្ផ័ស្សណា នេះហៅថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ ឧទ្ធច្ចៈកើតមាន ព្រោះវេទនាជាបច្ច័យ តើដូចម្តេច។ ការរវើរវាយនៃចិត្ត ការមិនស្ងប់ ការរាយមាយចិត្ត ភាពនៃចិត្តភ្ញាក់ផ្អើលណា នេះហៅថា ឧទ្ធច្ចៈកើតមាន ព្រោះវេទនាជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ អធិមោក្ខកើតមាន ព្រោះឧទ្ធច្ចៈជាបច្ច័យ តើដូចម្តេច។ ការចុះស៊ប់ អាការចុះស៊ប់ ភាពចុះស៊ប់នៃចិត្ត ក្នុងអារម្មណ៍នោះណា នេះហៅថា អធិមោក្ខកើតមាន ព្រោះឧទ្ធច្ចៈ ជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែអធិមោក្ខចេញ នេះហៅថា ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើបពោលថា
ID: 637647396103796586
ទៅកាន់ទំព័រ៖