ព្រះត្រៃបិដក ភាគ ៨១
ហើយកើតឡើងក្នុងសម័យនោះ សង្ខារកើតមាន ព្រោះកុសលមូលជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ បសាទៈកើតមាន ព្រោះវេទនាជាបច្ច័យ អធិមោក្ខកើតមាន ព្រោះបសាទៈជាបច្ច័យ ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
[១១១] បណ្តាធម៌ទាំងនោះ ពួកកុសលមូល តើដូចម្តេច។ អលោភៈ អទោសៈ។បេ។ នេះហៅថា កុសលមូល។ បណ្តាបច្ចយាការទាំងនោះ សង្ខារកើតមានព្រោះកុសលមូលជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារកើតមាន ព្រោះកុសលមូលជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើបពោលថា ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
ID: 637647397810671459
ទៅកាន់ទំព័រ៖