ព្រះត្រៃបិដក ភាគ ៨១

 [១១២] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ ក្នុង​សម័យ​ណា បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​កើត​ក្នុង​រូបភព ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ចូលកាន់​បឋមជ្ឈាន មាន​បឋវីកសិណ (ជា​អារម្មណ៍) ក្នុង​សម័យ​នោះ សង្ខារ​កើតមាន ព្រោះ​កុសល​មូល​ជា​បច្ច័យ វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ នាម​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះ​នាម​ជា​បច្ច័យ ផស្សៈ​កើតមាន ព្រោះ​អាយតនៈ​ទី ៦ ជា​បច្ច័យ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ បសាទៈ​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ អធិមោក្ខ​កើតមាន ព្រោះ​បសាទៈ​ជា​បច្ច័យ ភព​កើតមាន ព្រោះ​អធិមោក្ខ​ជា​បច្ច័យ ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ ជរា និង​មរណៈ​កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
 [១១៣] បណ្តា​ធម៌​ទាំងនោះ ពួក​កុសល​មូល តើ​ដូចម្តេច។ អលោភៈ អទោសៈ អមោហៈ។បេ។ នេះ​ហៅថា កុសល​មូល។ បណ្តា​បច្ច​យា​ការ​ទាំងនោះ សង្ខារ​កើតមាន ព្រោះ​កុសល​មូល​ជា​បច្ច័យ តើ​ដូចម្តេច។ ចេតនា ការ​សន្សំ ភាព​នៃ​ការ​សន្សំ (នូវ​អារម្មណ៍) ណា នេះ​ហៅថា សង្ខារ​កើតមាន ព្រោះ​កុសល​មូល​ជា​បច្ច័យ។បេ។
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 637647398090515230
ទៅកាន់ទំព័រ៖