ព្រះត្រៃបិដក ភាគ ៨១

វិញ្ញាណក្ខន្ធ លើកតែ​អធិមោក្ខ​ចេញ នេះ​ហៅថា ភព​កើតមាន ព្រោះ​អធិមោក្ខ​ជា​បច្ច័យ។បេ។ អធិប្បាយ​ត្រង់​ពាក្យ​ថា ហេតុ​ជាទី​កើតឡើង​នៃ​ធម៌​ទាំង​នុ៎ះ រមែង​មាន​ដោយ​ប្រការ​ដូច្នេះ ដូចតទៅ​នេះ។ ការ​ជួបជុំ ការ​មូលមក ការប្រជុំ​ចុះ ការ​កើត​ប្រាកដ នៃ​ធម៌​ទាំង​នុ៎ះ រមែង​មាន​យ៉ាងនេះ ព្រោះហេតុនោះ ទើប​ពោល​ថា ហេតុ​ជាទី​កើតឡើង​នៃ​ធម៌​ទាំង​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ​ឯង។

ចប់ កុសល​និទ្ទេស។


 [១១៨] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ចក្ខុវិញ្ញាណ​ជា​វិបាក ច្រឡំ​ដោយ​ឧបេក្ខា មាន​រូប​ជា​អារម្មណ៍ កើតឡើង​ព្រោះ​ភាព​នៃ​កាមាវចរ​កុសលកម្ម ដែល​សត្វ​ធ្វើ​ហើយ សន្សំ​ហើយ ក្នុង​សម័យ​នោះ វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ នាម​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះ​នាម​ជា​បច្ច័យ ផស្សៈ​កើតមាន ព្រោះ​អាយតនៈ​ទី ៦ ជា​បច្ច័យ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ ភព​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ ជរា និង​មរណៈ​កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 637647399297390788
ទៅកាន់ទំព័រ៖