ព្រះត្រៃបិដក ភាគ ៨១
សេចក្តីត្រេកអរ ក៏មិនមែន សេចក្តីមិនត្រេកអរ ក៏មិនមែន ដែលប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនជាទុក្ខ មិនជាសុខ ដែលកើតអំពីចេតោសម្ផ័ស្ស អទុក្ខមសុខវេទនា ដែលកើតអំពីចេតោសម្ផ័ស្សណា នេះហៅថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ ភពកើតមាន ព្រោះវេទនាជាបច្ច័យ តើដូចម្តេច។ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែវេទនាចេញ នេះហៅថា ភពកើតមាន ព្រោះវេទនាជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើបពោលថា ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមាន ដោយអាការយ៉ាងនេះ។
[១២០] ក្នុងសម័យនោះ វិញ្ញាណមានសង្ខារជាហេតុ កើតមានព្រោះសង្ខារជាបច្ច័យ នាមមានវិញ្ញាណជាហេតុ កើតមានព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ មាននាមជាហេតុ កើតមានព្រោះនាមជាបច្ច័យ ផស្សៈមានអាយតនៈទី ៦ ជាហេតុ កើតមានព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាមានផស្សៈជាហេតុ កើតមានព្រោះផស្សៈជាបច្ច័យ ភពកើតមាន ព្រោះវេទនាជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈ កើតមានព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
ID: 637647399750046645
ទៅកាន់ទំព័រ៖