ព្រះត្រៃបិដក ភាគ ៨១

នេះ​ហៅថា អធិមោក្ខ​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ ភព​កើតមាន ព្រោះ​អធិមោក្ខ​ជា​បច្ច័យ តើ​ដូចម្តេច។ វេទ​នា​ខន្ខ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែ​អធិមោក្ខ​ចេញ នេះ​ហៅថា ភព​កើតមាន ព្រោះ​អធិមោក្ខ​ជា​បច្ច័យ។បេ។ ព្រោះហេតុនោះ ទើប​ពោល​ថា ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
 [១២៧] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ ក្នុង​សម័យ​ណា មនោវិញ្ញាណ​ធាតុ​ជា​វិបាក ច្រឡំ​ដោយ​សោមនស្ស មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មានធម៌​ជា​អារម្មណ៍​ក្តី ឬក៏​ប្រារព្ធ​នូវ​អារម្មណ៍​ណាមួយ ហើយ​កើតឡើង ព្រោះ​ភាព​នៃ​កាមាវចរ​កុសលកម្ម ដែល​សត្វ​ធ្វើ​ហើយ សន្សំ​ហើយ ក្នុង​សម័យ​នោះ វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ នាម​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះ​នាម​ជា​បច្ច័យ ផស្សៈ​កើតមាន ព្រោះ​អាយតនៈ ទី ៦ ជា​បច្ច័យ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ អធិមោក្ខ​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ ភព​កើតមាន ព្រោះ​អធិមោក្ខ​ជា​បច្ច័យ ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ ជរា និង​មរណៈ​កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 637647400925671587
ទៅកាន់ទំព័រ៖