ព្រះត្រៃបិដក ភាគ ៨១

 [១២៨] បណ្តា​បច្ច​យា​ការ​ទាំងនោះ សង្ខារ តើ​ដូចម្តេច។ ចេតនា ការ​សន្សំ ភាព​នៃ​ការ​សន្សំ (នូវ​អារម្មណ៍) ណា នេះ​ហៅថា សង្ខារ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ តើ​ដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ ដែល​កើតអំពី​វិញ្ញាណ​នោះ​ណា នេះ​ហៅថា វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ។បេ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ តើ​ដូចម្តេច។ សេចក្តី​ត្រេកអរ ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​សុខ ប្រព្រឹត្តទៅ​ក្នុងចិត្ត ការ​ទទួលអារម្មណ៍​ជាទី​ត្រេកអរ​ជា​សុខ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស សុខវេទនា ជាទី​ត្រេកអរ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស​ណា នេះ​ហៅថា វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ។ បណ្តា​ធម៌​ទាំងនោះ អធិមោក្ខ​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ តើ​ដូចម្តេច។ ការ​ចុះ​ស៊ប់ អាការ​ចុះ​ស៊ប់ ភាព​ចុះ​ស៊ប់​នៃ​ចិត្ត​ក្នុង​អារម្មណ៍​នោះ​ណា នេះ​ហៅថា អធិមោក្ខ​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ ភព​កើតមាន ព្រោះ​អធិមោក្ខ​ជា​បច្ច័យ តើ​ដូចម្តេច វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែ​អធិមោក្ខ​ចេញ នេះ​ហៅថា ភព​កើតមាន ព្រោះ​អធិមោក្ខ​ជា​បច្ច័យ។បេ។ ព្រោះហេតុនោះ ទើប​ពោល​ថា ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 637647401129265229
ទៅកាន់ទំព័រ៖