ព្រះត្រៃបិដក ភាគ ៨១

អភិធម្មបិដក
វិភង្គ ទុតិយភាគ
បច្ច​យា​ការ​វិភង្គ
 [១] សង្ខារ​ទាំងឡាយ កើតមាន ព្រោះ​អវិជ្ជា​ជា​បច្ច័យ វិញ្ញាណ កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ នាមរូប​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ សឡាយ​តនៈ​កើតមាន ព្រោះ​នាមរូប​ជា​បច្ច័យ ផស្សៈ​កើតមាន ព្រោះ​សឡាយ​តនៈ​ជា​បច្ច័យ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ តណ្ហា​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ ឧបាទាន​កើតមាន ព្រោះ​តណ្ហា​ជា​បច្ច័យ ភព​កើតមាន ព្រោះ​ឧបាទាន​ជា​បច្ច័យ ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ ជរា មរណៈ សោ​កៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបា​យា​សៈ កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ​ឯង។
 [២] បណ្តា​បច្ច​យា​ការ​ទាំងនោះ អវិជ្ជា តើ​ដូចម្តេច។ ការ​មិនដឹង​ក្នុង​ទុក្ខ ការ​មិនដឹង​ក្នុង​ហេតុ ជាទី​កើតឡើង​នៃ​ទុក្ខ ការ​មិនដឹង​ក្នុង​ធម៌​ជាទី​រលត់​ទៅ​នៃ​ទុក្ខ ការ​មិនដឹង​ក្នុង​បដិបទា ជា​ដំណើរ​ទៅកាន់​ទី​រលត់ទុក្ខ នេះ​ហៅថា អវិជ្ជា។
ទំព័រទី ១ | បន្ទាប់
ID: 637647375506140369
ទៅកាន់ទំព័រ៖