ព្រះត្រៃបិដក ភាគ ៨១
ឈានវិភង្គ
[៣៤៥] ភិក្ខុក្នុងសាសនានេះ ជាអ្នកសង្រួមក្នុងបាតិមោក្ខសំវរៈ សម្រេចឥរិយាបថ បរិបូណ៌ដោយអាចារៈ និងគោចរ ឃើញភ័យក្នុងទោសទាំងឡាយ មានប្រមាណតិច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ មានទ្វារគ្រប់គ្រងក្នុងឥន្ទ្រិយទាំងឡាយ ជាអ្នកដឹងប្រមាណក្នុងភោជន ប្រកបរឿយៗក្នុងការព្យាយាមជាគ្រឿងភ្ញាក់រលឹក ក្នុងពេលមុនរាត្រី និងក្រោយរាត្រី ប្រកបរឿយៗក្នុងការព្យាយាមចំរើននូវធម៌ទាំងឡាយ ជាចំណែកនៃការត្រាស់ដឹង ជាប់មិនដាច់ ចាស់ក្លា។ ភិក្ខុនោះ ជាអ្នកធ្វើសេចក្តីដឹងខ្លួន ក្នុងការដើរទៅមុខ និងការឈានថយក្រោយ ធ្វើសេចក្តីដឹងខ្លួនក្នុងការក្រឡេកមើលទៅមុខ និងការក្រឡេកមើលទៅទិសផ្សេងៗ ធ្វើសេចក្តីដឹងខ្លួនក្នុងការបត់ដៃជើង និងការលាតដៃជើង ធ្វើសេចក្តីដឹងខ្លួនក្នុងការទ្រទ្រង់សង្ឃាដី បាត្រ និងចីវរ ធ្វើសេចក្តីដឹងខ្លួនក្នុងការបរិភោគភោជន ការផឹកទឹក ការទំពារស៊ីខាទនីយៈ និងការជញ្ជប់ (នូវភេសជ្ជៈ មានសប្បិជាដើម) ធ្វើសេចក្តីដឹងខ្លួន ក្នុងការបន្ទោបង់ឧច្ចារៈបស្សាវៈ ធ្វើសេចក្តីដឹងខ្លួនក្នុងការដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ ឬការស្ងៀម។ ភិក្ខុនោះ គប់រកទីសេនាសនៈដ៏ស្ងាត់ គឺព្រៃតូច គល់ឈើ ភ្នំ ជ្រោះភ្នំ គុហាភ្នំ ព្រៃស្មសាន ព្រៃញាតស្បាត ទីវាល គំនរចំបើង ទីមិនមានសំឡេង ទីមិនគឹកកង ទីប្រាសចាកខ្យល់ដែលកើតអំពីសរីរៈនៃជន ទីស្ងាត់កំបាំងរបស់មនុស្ស
ID: 637647451242142323
ទៅកាន់ទំព័រ៖